អ្វីទៅជាវិមជ្ឈការ និងវិសហមជ្ឈការ

ផ្នែកទី ១ សេចក្តីផ្តើម
  ដោយទទួលស្គាល់ថា ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដែលជាអ្នក
ប្រើប្រាស់សេវា និងការធ្វើឱ្យសេវានោះមានភាពសមស្រប និងខិតជិតប្រជាពលរដ្ឋដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ វាជាការលំបាកសម្រាប់រដ្ឋាភិបាល
កម្ពុជា ។ ដូច្នេះដើម្បីសម្រាប់នូវមហិច្ចតាដ៏ធំមួយនេះ កំណែទម្រង់មួយក្នុងចំណោម
កំណែទម្រង់ស៊ីជម្រៅនានា ត្រូវបានបង្កើតឡើងដើម្បីជាយន្តការក្នុងការដោះស្រាយ
ការអភិវឌ្ឍមូលដ្ឋាន អសមភាពក្នុងបែងចែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាពក្រីក្រទាំង
នោះ គឺយន្តការកំណែទម្រង់ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម
ជាតិតាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ 
ផ្នែកទី ២ វិមជ្ឈការ
        ខាងក្រោមនេះនឹងបង្ហាញ លោក លោកស្រីពីការឱ្យនូវនិយមន័យផ្សេងៗគ្នាតាមបរិបទនៃស្ថាប័ន ដែលកំពុងអនុវត្តយន្តការមួយនេះដែលមានដូចតទៅៈ
        វិមជ្ឈការៈ ក្រសួងផ្ទេរមុខងារ និងធនធានមួយចំនួនដល់ក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិបំពេញជំនួស ដែលមុខងារទាំងនោះជាមុខងារផ្ទាល់របស់ក្រុមប្រឹក្សាដែលអនុលោមតាម រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋាននានា 
        វិមជ្ឈការៈ រាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន 
ជារួមមក ដើម្បីអនុវត្តនូវយន្តការនេះបានទទួលនូវភាពជោគជ័យ ចាំបាច់ត្រូវអនុវត្តនូវលក្ខខណ្ឌចំនួន ៥ សម្រាប់ការធ្វើវិមជ្ឈការដល់ថ្នាក់រដ្ឋបាលដែនដីណាមួយ គឺៈ
១. រដ្ឋទទួលស្គាល់ផលប្រយោជន៍រាស្រ្តនៅមូលដ្ឋានៈ ផលប្រយោជន៍មូលដ្ឋាន គឺជាសេចក្តីត្រូវការចាំបាច់របស់មូលដ្ឋានផ្ទាល់ ។ ផលប្រយោជន៍នេះទាក់ទងដល់ជីវភាពប្រចាំថ្ងៃ សុខភាព សុវត្ថិភាពគ្រប់ផ្នែកនៃប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាធម្មតា ផលប្រយោជន៍មូលដ្ឋាននេះ រដ្ឋមិនអាចដឹងអស់ទេ ឯការផ្គត់ផ្គង់តម្រូវការ ក៏មិនគ្រប់ជ្រុងជ្រោយដែរ 
ដូច្នេះ ពេលធ្វើវិមជ្ឈការ រដ្ឋទទួលស្គាល់ការងារនោះជាកិច្ចការមូលដ្ឋាន ត្រូវបានការពារដោយរដ្ឋ និងទុកសិទ្ធិឱ្យអ្នកមូលដ្ឋានដោះស្រាយដោយខ្លួនគេ ដើម្បីការវិវត្តការប្រសើរឡើងទៅតាមការរីកចម្រើននៃសង្គមជាតិ។
២. រដ្ឋត្រូវធានាផ្តល់ភាពជានីតិបុគ្គលដល់មូលដ្ឋានៈ នីតិបុគ្គល គឺជាការផ្តល់បុគ្គលភាពគតិយុត្តិឱ្យស្ថាប័ន ឬអង្គការ ឬថ្នាក់រដ្ឋបាលណាមួយនូវអំណាចទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ នៅរាល់គ្រប់សកម្មភាពរបស់ខ្លួន ហើយជាគោលការណ៍ស្ថាប័នអង្គការ ឬថ្នាក់រដ្ឋបាលនោះត្រូវមានធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀត។
៣. អំពីអង្គការដឹកនាំនៃថ្នាក់រដ្ឋបាលវិមជ្ឈការៈ តាមការកត់សម្គាល់ជាទូទៅ កាលណាគេធ្វើវិមជ្ឈការនៅថ្នាក់រដ្ឋបាលដែនដីណាមួយ អង្គការដឹកនាំគ្រប់គ្រងនៃថ្នាក់រដ្ឋបាលដែនដីនោះត្រូវកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនៃថ្នាក់រដ្ឋបាលនោះ ។ តំណាងប្រជាពលរដ្ឋនេះ គឺជាតំណាងឱ្យផលប្រយោជន៍នៃមូលដ្ឋានដែលទទួលអំណាចវិមជ្ឈការ។
៤. អំណាចស្វ័យភាពខាងរដ្ឋបាលៈ កាលណាច្បាបើបានផ្តល់អំណាចវិមជ្ឈការដល់ស្ថាប័ន អង្គការ ឬថ្នាក់រដ្ឋបាលដែនដីណាមួយ រដ្ឋត្រូវតែធានាផ្តល់ស្វ័យភាពខាងផ្នែករដ្ឋបាលដល់ស្ថាប័នអង្គការ ឬថ្នាក់រដ្ឋបាលនោះ ។ ស្វ័យភាពខាងផ្នែករដ្ឋបាលមានន័យថា ថ្នាក់រដ្ឋបាលនោះមានសិទ្ធិចាត់ចែងការងារក្នុងក្របខណ្ឌសមត្ថកិច្ចដែលច្បាប់ ប្រគល់ឱ្យដោយស្វ័យប្រវត្តិពុំបាច់សុំយោបល់ ឬការសម្រេចពីថ្នាក់រដ្ឋបាលណាឡើយ។ បើច្បាប់តម្រូវឱ្យរដ្ឋបាលនេះធ្វើកិច្ចការណាមួយ កិច្ចការនោះត្រូវតែបានចាត់ចែងធ្វើដោយស្វ័យប្រវត្តិ។
៥. ការត្រួតពិនិត្យរបស់រដ្ឋបាលកណ្តាលៈ ទោះបីអនុវត្តប្រព័ន្ធគ្រប់គ្រងវិមជ្ឈការក្តី រដ្ឋមានតួនាទីតំណាងឱ្យផលប្រយោជន៍ជាតិទាំងមូលនៅតែដើរតួនាទីត្រួតពិនិត្យនៅលើរដ្ឋបាលនោះដដែល ។ ការត្រួតពិនិត្យរបស់រដ្ឋបាលកណ្តាលចំពោះរដ្ឋបាលវិមជ្ឈការ រដ្ឋគ្រាន់តែត្រួតពិនិត្យទៅលើនីត្យានុកូលភាពការងារនៃរដ្ឋបាលនោះប៉ុណ្ណោះ។ ត្រួតពិនិត្យនីត្យានុកូលភាព គឺមានន័យថា ការត្រួតពិនិត្យភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវតាមច្បាប់រដ្ឋអាចត្រួតពិនិត្យបានក្នុងក្របខណ្ឌដែលច្បាប់បានចែង ។ ក្នុងការត្រួតពិនិត្យនិត្យាកូលភាពនេះ ប្រសិនឃើញថារដ្ឋ-   បាលនោះធ្វើខុសច្បាប់ ឬបម្រុងធ្វើខុសច្បាប់រដ្ឋ ត្រូវឧបត្ថម្ភណែនាំតម្រង់ទិស។ ប៉ុន្តែបើគេមិនអនុវត្តតាមគោលការណ៍ត្រូវធ្វើអន្តរាគមន៍ ប្រសិនបើនៅតែប្រព្រឹត្តខុសឆ្គងត្រូវដោះស្រាយតាមផ្លូវតុលាការ 
នៅក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ សង្កាត់មានតួនាទីជាគោលការណ៍គ្រឹះពីរគឺ៖
១. ក្រុមប្រឹក្សាជាតំណាង និងជារបស់សហគមន៍ ឬប្រជាពលរដ្ឋក្នុងរង្វង់ដែនដីរបស់ខ្លួន
ឧទាហរណ៍ៈ ក្រុមប្រឹក្សាឃុំ មានតួនាទីប្រមូលពន្ធ និងប្រើប្រាស់ថវិកាឃុំដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋានរបស់ខ្លួន 
២. ភ្នាក់ងារតំណាងរដ្ឋ (ឬភ្នាក់ងារវិសហមជ្ឈការ) ដែលទទួលខុសត្រូវចំពោះអំណាចរដ្ឋបាល  កណ្តាល 
ឧទាហរណ៍ៈ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវទទួលភារកិច្ចដែលរដ្ឋបាលកណ្តាល ប្រគល់ឱ្យមានដូចការ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះឈ្មោះអ្នកបោះឆ្នោត .... 
ជារួមមកវិមជ្ឈការត្រូវបានបែងចែកជា បី ប្រភេទៈ 
          វិមជ្ឈការផ្នែកនយោបាយ ឬបែបប្រជាធិបតេយ្យៈ សំដៅទៅលើការផ្ទេរអំណាចទៅឱ្យអ្នកតំណាង និងអ្នកប្រតិបត្តិនានាដែលមានគណនេយ្យភាពទៅក្រោម (ឧទាហរណ៍ៈ រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានកើតឡើងដោយការបោះឆ្នោត ។ វិមជ្ឈការផ្នែកនយោបាយមានគោលបំណងផ្តល់ដល់ប្រជាពលរដ្ឋ ឬអ្នកតំណាងដែលជាប់ឆ្នោត នូវសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ ។ ការធ្វើកំណែទម្រង់បែបនេះ ភាគច្រើនមានការពាក់ព័ន្ធទៅនឹងការធ្វើកំណែទម្រង់បែបពហុបក្ស ហើយលើសពីនេះទៀត គឺជាការគាំទ្រដល់ការធ្វើប្រជាធិបតេយ្យតាមបែបផ្តល់អំណាចដល់ប្រជាពលរដ្ឋ ឬតំណាងរបស់គាត់ ក្នុងការធ្វើឱ្យមានឥទ្ធិពលលើការរៀបចំ និងអនុវត្តនូវគោលនយោបាយនានា ។ បណ្តាអ្នកគាំទ្រវិមជ្ឈការផ្នែកនយោបាយ តែងតែយល់ឃើញថាកំណែទម្រង់បែបនេះ នឹងធ្វើឱ្យសេចក្តីសម្រេចនានាដែលមានការចូលរួម នឹងមានភាពជាក់ស្តែងទៅតាមមូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ ក្នុងសង្គមត្រឹមត្រូវជាងសេចក្តីសម្រេចដែលធ្វើឡើងនៅថ្នាក់កណ្តាល ។ គឺមានន័យថា ការជ្រើសរើសតំណាងតាមរយៈការបោះឆ្នោតនៅមូលដ្ឋាន នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋស្គាល់អ្នកតំណាងនយោបាយរបស់ខ្លួនបានប្រសើរជាង និងអនុញ្ញាតឱ្យអ្នកតំណាងនយោបាយទាំងនោះស្គាល់តម្រូវការ និងបំណងរបស់បោះឆ្នោតរបស់ខ្លួនបានប្រសើរផងដែរ ។ ការធ្វើវិមជ្ឈការផ្នែកនយោបាយ ជារឿយៗតែងតែទាមទារឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់ដើម្បីបង្កើតឡើងនូវអង្គភាពបែបនយោបាយ និងលើកទឹកចិត្តដល់ការបង្កើតឱ្យមានក្រុមអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន 
          វិមជ្ឈការបច្ចេកទេសៈ គឺជារបៀបគ្រប់គ្រងសេវាសាធារណៈ ដោយមានការផ្ទេរការទទួលខុសត្រូវអំពីសិទ្ធិដឹកនាំគ្រប់គ្រងបច្ចេកទេសណាមួយឱ្យទៅអាជ្ញាធរមួយគ្រប់គ្រងទៅតាមច្បាប់ ក្នុងគោលបំណងបម្រើផលប្រយោជន៍ទូទៅឱ្យមានប្រសិទ្ធិភាព ក្រោមរូបភាពជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ។ គ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជាយន្តការនៃការផ្តល់សេវាសាធារណៈមួយដែលមានស្វ័យភាពខាងហិរញ្ញវត្ថុ ឬរដ្ឋបាល និងជានីតិបុគ្គលនៃនីតិសាធារណៈដែលទទួលបន្ទុកចំបងនូវបេសកម្មផ្នែកសេវាសាធារណៈជាលក្ខណៈរដ្ឋបាល សង្គម សុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រ ឬបច្ចេកទេស 
          គេសម្គាល់លក្ខណៈវិនិច្ឆ័យនៃគ្រឹះស្ថានសាធារណៈមានដូចជាៈ
§  ជានីតិបុគ្គលនៃនីតិសាធារណៈ (ស្ថាប័នសាធារណៈ) មានបេសកកម្មបម្រើផលប្រយោជន៍សាធារណៈ
§  មានទ្រព្យសម្បត្តិ និងថវិកាផ្ទាល់ខ្លួន និងស្វ័យភាពក្នុងការងារគ្រប់គ្រង
§  មានឯកទេសកម្ម
§  ស្ថិតក្រោមអាណាព្យាបាលភាពរបស់រដ្ឋ ឬសមូហភាពដែនដីផ្សេងទៀត
§  បង្កើតឡើងដោយច្បាប់ (ក្រម) ឬដោយក្រឹត្យ ឬអនុក្រឹត្យ
លក្ខខណ្ឌគោលការណ៍ទាំងឡាយនៃការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវអនុលោមតាមព្រះរាជក្រឹត្យលេខ ន.ស.រកត.១២៩៧ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលក្ខន្តិកៈនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ។ ដូច្នេះហើយទើបយើងមើលឃើញថាគ្រឹះស្ថានសាធារណៈរដ្ឋបាលបានលេចរូបរាងជាពិសេស អាជ្ញាធរមួយចំនួន ដែលត្រូវបានគេផ្តល់ឱ្យមានការគ្រប់គ្រងតាមបែបវិំមជ្ឈការបច្ចេកទេសនេះ ដូចជា អាជ្ញាធរកំចាត់មីន រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ អាជ្ញាធរអគ្គីសនីកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ...  
          វិមជ្ឈការសារពើពន្ធៈ អំណាចក្នុងការកំណត់ និងយកពន្ធ ដែលពីមុនត្រូវបានប្រមូលផ្តុំ នឹងត្រូវបានបែងចែកទៅដល់រដ្ឋបាលនៅកម្រិតផ្សេងទៀត (ឧទាហរណ៍ៈ រដ្ឋបាលមូលដ្ឋានត្រូវបានផ្តល់អំណាចក្នុងការប្រមូលពន្ធ និងរក្សាធនធាននោះសម្រាប់អនុវត្តកាតព្វកិច្ចរបស់ខ្លួន) 
វិមជ្ឈការសារពើពន្ធ អាចធ្វើឡើងបានច្រើនរូបភាពៈ
§  ការធ្វើហិរញ្ញប្បទាន ឬប្រមូលចំណូល ទូទាត់ចំណាយ តាមរយៈការយកកម្រៃសេវានានា
§  ការសហការណ៍ និងផ្តល់បដិភាគពីសំណាក់អ្នកប្រើប្រាស់ ជាទឹកប្រាក់ ឬការចូលរួមវិភាគទានផ្សេងៗ
§  ប្រមូលពន្ធ និងយកកម្រៃមូលដ្ឋាន
§  ការផ្ទេរពីថ្នាក់ជាតិ
§  ការអនុញ្ញាតឱ្យមានការខ្ចីសម្រាប់ការវិនិយោគនានា
ក្នុងបរិបទកម្ពុជា វិមជ្ឈការមានន័យថា សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធានជាក់លាក់ត្រូវបានផ្ទេរពីរដ្ឋាភិបាលថ្នាក់ជាតិឱ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិដែលបានបោះឆ្នោតជ្រើសរើសឡើងតាមបែបប្រជាធិបតេយ្យ 
វិមជ្ឈការផ្នែករដ្ឋបាលៈ ការបែងចែកអំណាច ការទទួលខុសត្រូវ និងធនធានហិរញ្ញវត្ថុឡើងវិញដល់ស្ថាប័នសាធារណៈដែលមានទីតាំងនៅថ្នាក់រដ្ឋបាលផ្សេងៗគ្នា ។ ការធ្វើប្រតិភូកម្មបែបនេះ គឺជាការផ្ទេរនូវការទទួលខុសត្រូវក្នុងការធ្វើផែនការ ហិរញ្ញវត្ថុ និងគ្រប់គ្រងមុខងារសាធារណៈដែលចែករំលែកឱ្យដោយរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននៅកណ្តាល ឬថ្នាក់តំបន់ដល់រដ្ឋបាលមូលដ្ឋាន ។ ម៉្យាងវិញគេអាចនិយាយបានថា ការធ្វើវិមជ្ឈការផ្នែករដ្ឋបាល គឺជាការធ្វើវិសហមជ្ឈការ ដែលសំដៅទៅលើការផ្ទេរអំណាចដល់ខ្សែបណ្តោយ ឬរដ្ឋអំណាចមូលដ្ឋាន ដែលអ្នកទាំងនោះនឹងមានគណនេយ្យភាពមកលើ 
ផ្នែកទី ៣ វិសហមជ្ឈការ
        វិសហមជ្ឈការៈ ក្រសួងប្រគល់ភារកិច្ចដល់រចនាសម្ព័ន្ធ នៅថ្នាក់ក្រោមជាតិរបស់ក្រសួងដើម្បីអនុវត្តភារកិច្ចជំនួស អ្នកអនុវត្តជាបុគ្គលិកជាខ្សែបណ្តោយរបស់ក្រសួងហើយក្រសួងជាអ្នកណែនាំលំអិតអំពីរបៀបអនុវត្តមុខងារ
        វិសហមជ្ឈការៈ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនោះក្នុងនាមរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ 

          វិសហមជ្ឈការផ្តល់ឱកាសឱ្យមានការផ្ទេរអំណាចកាន់តែច្រើនដល់តំណាងស្ថាប័នរដ្ឋាភិបាលដែលមានទីតាំងនៅថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ វិសហមជ្ឈការគឺជាវិមជ្ឈការផ្នែករដ្ឋបាល ដែលបែងចែកឡើងវិញនីវសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការទទួលខុសត្រូវទាំងលើធនធាន ហិរញ្ញវត្ថុ និងការគ្រប់គ្រងរវាងរដ្ឋាភិបាលកណ្តាល និងតំណាងនៅថ្នាក់ក្រោមជាតិ ហើយមិនមែនជាការផ្ទេរសិទ្ធិអំណាចដ៏ពិតប្រាកដដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ គឺវាអាចគ្រាន់ជាការផ្លាស់ប្តូរការទទួលខុសត្រូវពីការិយាធិបតេយ្យនៅថ្នាក់កណ្តាលមកឱ្យខ្សែបណ្តាលរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅបណ្តាខេត្ត ក្រុង ស្រុក តែប៉ុណ្ណោះ