ក្បួនដាក់ឈ្មោះកូន តាមថ្ងៃកើត
ក្បួនដាក់ឈ្មោះកូននេះ គឺខ្ញុំបានដឹងមកពីលោកគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងរបស់ខ្ញុំ ដែលគាត់បានដឹងបន្តពីលោកតារបស់គាត់ផងដែរ ។ ខ្ញុំធ្លាប់បានមើលសៀវភៅតម្រាដាក់ឈ្មោះកូនមួយចំនួនដែរ ឯតម្រានោះក៏គ្មានអ្វីដែលនឹងខុសប្លែកគ្នាទេ ។
ក្បួនដាក់ឈ្មោះកូន តាមថ្ងៃកើត គឺអាចរកដាក់បានទៅតាមព្យញ្ជនៈ និងស្រៈពេញតួរបស់ដូនតាយើងពីបុរាណ លោកបានបង្កើតនូវអក្សរទាំងនោះមក ពុំមែនទុកគ្រាន់ជាការកត់ត្រាពាក្យសម្តីប៉ុណ្ណោះទេ តែក៏ជាកំណត់សម្គាល់ដល់មនុស្ស សត្វ និងវត្ថុផ្សេងៗផងដែរ ។
ក្បួនដាក់ឈ្មោះមានដូចខាងក្រោម ៖
បើកូនកើតចំ ថ្ងៃអាទិត្យ គឺត្រូវនឹងអក្សរ ស្រៈពេញតួដែលមានដូចជា ៖
អ អា ឥ ឦ ឧ ឩ ឫ ឬ ឭ ឯ ឰ ឱ ឪ
បើកូនកើតចំ ថ្ងៃចន្ទ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ក ខ គ ឃ ង
បើកូនកើតចំ ថ្ងៃអង្គារ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ច ឆ ជ ឈ ញ
បើកូនកើតចំ ថ្ងៃពុធ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ដ ឋ ឌ ឍ ណ
បើកូនកើតចំ ថ្ងៃព្រហស្បតិ៍ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ត ថ ទ ធ ន
បើកូនកើតចំ ថ្ងៃសុក្រ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ប ផ ព ភ ម
បើកូនកើតចំ ថ្ងៃសៅរ៍ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
យ រ ល វ ស ហ ឡ អ
ទោះបីជាពាក្យទាំងនោះអាចប្រើបានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ក្នុងស្រៈ និងព្យញ្ជនៈទាំងនោះក៏មានពាក្យខ្លះពុំអាចយកមកដាក់ឈ្មោះបានដែរ ។
ម្យ៉ាងទៀត ប្រសិនបើឪពុក-ម្តាយ ចង់ដាក់ឈ្មោះផ្គុំដល់កូននោះ អាចដាក់បាន
ឧទាហរណ៍ថា ៖ ឈ្មោះ សុខ-ជា (សុខ គឺជាពាក្យមានអត្ថន័យរួចហើយ ឯ ជា ក៏មានអត្ថន័យដែរ) ដូច្នោះ២ពាក្យបញ្ជូលគ្នា បង្កើតជាឈ្មោះមនុស្សម្នាក់បាន បើកូនស្រីត្រូវយកអក្សរខាងចុង ជា ព្យញ្ជនៈ ជ ត្រូវចំកូនដែលកើតថ្ងៃអង្គារ ។ តែបើជាកូនប្រុសវិញ ត្រូវយកអក្សរខាងដើម សុខ ព្យញ្ជនៈ ស ត្រូវចំកូនដែលកើតថ្ងៃសៅរ៍ ។ ឯពាក្យខ្លះ ឧទាហរណ៍ដូចជាពាក្យ មល្លិកា គឺជាពាក្យដែលពុំអាចបែកផ្សេងបានឡើយ បើទោះបីជាមានព្យញ្ជនៈភ្ជាប់គ្នាច្រើនក្តី តែអត្ថន័យនៃពាក្យគឺ មានតែមួយ គឺម្លិះរួត ។
ដូច្នេះ បើចង់ដាក់ឈ្មោះកូនឱ្យមានអត្ថន័យនោះ តោងឱ្យបើកឆែកវចនានុក្រមសម្តេចសង្ឃជាមុនសិន ។
ក្នុងនាមជាឪពុក-ម្តាយ ទោះបីចំណេះដឹងយ៉ាងណា ក៏ហោចណាស់ឱ្យដឹងពីន័យនៃឈ្មោះរបស់កូនដែរ ដើម្បីកុំឱ្យដល់ពេលកូនធំឡើងសួរទាល់ នូវសំនួរថា តើហេតុអីប៉ា-ម៉ាក់ ដាក់ឈ្មោះកូនយ៉ាងនេះយ៉ាងនោះ? តើឈ្មោះកូនមានន័យយ៉ាងណា? គឺយ៉ាប់ហើយ ។
========================================================================
ច្បាប់ព្រះរាជសម្ភារ (រាជនេតិ)
(បទកាកគតិ)
១.ហៃសាធុជនផង នេះគឺបំណង បទបាលីថា
គម្ពីររសធម៌ អាណាក្រិត្តិកា គួរគប្បីមហា ជនផងត្រងត្រាប់ ។
២.ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឱ្យបានក្តីគាប់
ដ៏លោកបរលោក ហៅរស់ពុំស្លាប់ ធម៌នេះជាច្បាប់ ក្តីគាប់បរិយាយ ។
៣.កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍(១) កុំទុកចិត្តអភិប្រាយ
ប្រើស្ទំ(២)រែងខ្ពស់ រំពឹងឱ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ បណ្តិបមេជី(៣) ។
៤.កុំងឿងដោយខ្យល់(៤) កុំឱនពាក្យពល កុំខ្វល់ដោយស្រី
កុំកាន់ពិសយង់ គប់នឹងស្រី្ត សមណជនជី កុំឱ្យក្តីត្រូវ ។
៥.កុំនៅញ៉ាំងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ
កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។
៦.ផ្អែមពីរប្រការ ចំណីនៅដាល(៥) កុំអាលឱ្យឆី
ផ្អែមមួយពាក្យពាល រែងរាលរកក្តី ផ្អែមមួយពាក្យស្រី ស្រដីមាយា ។
៧.ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា
ពាក្យពិតរែងស្លែង ពុំពិរោះថា បណ្តិបមេបា រែងថាពុំគាប់ ។
៨.ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ ។
៩.ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ
មានៈបាត់មិត្ត ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ ។
១០.ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឱ្យខ្លួនត្រង់ ប្រើផ្គាប់អ្នកមុខ ។
១១.ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឱ្យសុខ
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក តិ្បតភរិយាជា ។
១២.បាត់យសត្បិតខ្ជឹល បាត់ញាណទានសីល ត្បិតសេពសុរា
ប្រមាទបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់ ។
១៣.អត់ឱនឥតទោស ធ្វើចិត្តសណ្តោស បង្កើតជាទ្រព្យ
មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់ ជាគន្ធពិដោរ ។
១៤.ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ
ទឹកថ្លាត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល ល្មមមាត់ឈ្លានពាន ។
១៥.ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុត រែងធ្វើជាមាន អ្នកឥតសន្តាន រែងមើលងាយគេ ។
១៦.ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រីកពលត្បិតបាយ
សិស្សប្រាជ្ញត្បិតគ្រូ ជេរពោលដំវាយ ពលជាត្បិតនាយ ហ្វឹកហ្វឺនខះខំ ។
១៧.រៀនក្តីគួរគិត ចាស់ឥតប្រព្រឹត្ត នូវប្រែច្រឡំ
អ្នកជាៗកាច តូចប្រែជាធំ ពង្សពូជឧត្តម ច្រឡំជារាស្រ្ត ។
១៨.ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស
សំណង់ជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស កប្បាសជាគរ ។
១៩.ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ
ពិដោរអសុដោរ ពិសា-សាទរ ហឹកហើយគប្បីប- រិភោក្តាក្តិត ។
២០.ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តានព្រេងព្រឹទ្ធ
រករិះកល់អ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឱ្យដឹងខ្ពស់ទាប ។
ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ របស់លោក លី ថៃលី
(១) អភិនេស្រ្កម៍(បព្វជិត),
(២)ស្ទំ(ទាប,បន្តិចៗ),
(៣) បណ្តិបមេជី(ពាក្យទូន្មានមេបា,ជីដូនជីតា)
(៤) កុំងឿងដោយខ្យល់ ៖ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។
(៥) ចំណីនៅដាល កុំអាលឱ្យឆី គឺចំណីដែលកំពុងក្តៅខ្លាំងកុំអាលស៊ី ។