គួរជំរុញ ទឹកចិត្តខ្លួនឯងបែបណា?
ពាក្យ
“ជំរុញទឹកចិត្ត” បានក្លាយជាប្រធានបទដដែលៗដែលគេតែងលើកយកមកពិភាក្សា
ក៏ដូចជាបង្រៀនតាមសាលា សិក្ខាសាលា
និងការធ្វើបទបង្ហាញនានាក្នុងពេលបច្ចុប្បន្ន។
តើអ្វីជាការជំរុញទឹកចិត្តឲ្យប្រាកដ
ហើយហេតុអ្វីបានជាអ្នកត្រូវការកម្លាំងមួយនេះ?
ការជំរុញ ទឹកចិត្តជាកម្លាំងចលករដ៏ចាំបាច់មួយ។
ដើម្បីសម្រេចអ្វីមួយបានរហ័ស
អ្នកត្រូវមានការកម្លាំងចលករនោះរុញច្រានទាំងផ្នែកខាងក្នុង
និងខាងក្រៅ។ ការជំរុញផ្នែកខាងក្រៅមានដូចជា
ការលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភ័ក្ដិ ឱកាសការងារ សង្គម ។ល។
ចុះបើគ្មានការលើកទឹកចិត្តពីកត្តាខាងក្រៅ តើអ្នកខ្លួនឯង
មានវិធីដើម្បីជំរុញទឹកចិត្តខ្លួនឯងដែរឬទេ? ខាងក្រោមនេះជាចំណុច ងាយៗ ១០ យ៉ាង
ដែលអាចជួយឲ្យអ្នកមានការជំរុញទឹកចិត្តចំពោះខ្លួនឯង។
១. ត្រូវចេះគិត សមាធិ និងស្វែងយល់ពីក្ដីប្រាថ្នារបស់អ្នក។ គិតដល់ក្ដីប្រាថ្នា ឬគោលដៅដែលមានតម្លៃឲ្យអ្នកប្រឹងប្រែង និងចំណាយពេលទៅលើ។
២. កំណត់គោលដៅឲ្យបានជាក់លាក់។ ការសរសេរពីគោលដៅដាក់នៅក្រដាសសៀវភៅ នឹងអាចជួយអ្នកឲ្យឈានទៅរកការអនុវត្តបានយ៉ាងរហ័ស។
៣. ជារឿយៗ ត្រូវគិតដល់គោលដៅ និងក្ដីប្រាថ្នារបស់អ្នក។
៤. អានសៀវភៅ ឬអត្ថបទពីប្រធានបទដែលពាក់ព័ន្ធនឹងគោលដៅរបស់អ្នក។
៥. អានសៀវភៅ ឬអត្ថបទពីមនុស្សដែលជោគជ័យលើការងារ ឬអាជីពដែលស្រដៀងនឹងគោលដៅរបស់អ្នក។
៦. ឧស្សាហ៍គិតដល់ផលប្រយោជន៍ដែលអ្នកនឹងទទួលបានក្រោយសម្រេចគោលដៅរបស់អ្នក។
៧. ស្រមៃ និងគិតដល់ពេលវេលាដ៏រីករាយ នៅពេលដែលអ្នកសម្រេចគោលដៅនោះ។
៨. ប្រាប់ខ្លួនឯងជាវិជ្ជមានថា អ្នកមានសមត្ថភាពសម្រេចក្ដីប្រថ្នា និងគោលដៅរបស់អ្នកបាន។ ត្រូវប្រាប់ខ្លួនឯងដោយជំនឿជាក់មុតមាំ និងមានការតាំងចិត្តខ្ពស់។
៩. ឲ្យតម្លៃលើជោគជ័យតូចៗរបស់អ្នក ព្រោះជោគជ័យទាំងនោះនឹងនាំអ្នកទៅសម្រេចគោលដៅធំ។
១០. ត្រូវគិតថា អ្វីដែលអ្នកធ្វើគឺស្ថិតក្នុងវិនាទីចុងក្រោយរហូត។ ការគិតបែបនេះនឹងជួយឲ្យអ្នកសម្រេចអ្វីភ្លាមៗ ដោយមិនបង្អែបង្អង់ អូសបន្លាយពេលវេលាឥតប្រយោជន៍។
សរុបមក ការជំរុញទឹកចិត្ត
ជាថាមពលដ៏ចម្បងដែលនាំអ្នកទៅរកជោគជ័យគ្រប់ការងារ ឬភារកិច្ច
ហើយបើគ្មានអ្នកជំរុញទឹកចិត្តទេនោះ មានតែអ្នកខ្លួនឯងទេ
ដែលអាចជួយខ្លួនឯងបាន។ ត្រូវចងចាំថា គ្មានអ្វីដែលមិនអាចសម្រេចបាននោះទេ
ដរាបណាអ្នកមានក្ដីសង្ឃឹម និងការតាំងចិត្តខ្ពស់៕