ក្បួនដាក់ឈ្មោះកូន តាមថ្ងៃកើត



ក្បួនដាក់ឈ្មោះកូន តាមថ្ងៃកើត
ក្បួនដាក់ឈ្មោះកូននេះ គឺខ្ញុំបានដឹង​មកពី​​​លោកគ្រូបង្រៀន​ភាសាអង់គ្លេសក្រៅម៉ោងរបស់ខ្ញុំ ដែល​គាត់បានដឹងបន្តពីលោកតារបស់គាត់ផងដែរ ។ ខ្ញុំធ្លាប់បានមើល​សៀវភៅ​តម្រាដាក់ឈ្មោះកូន​មួយចំនួនដែរ ឯតម្រានោះក៏គ្មានអ្វីដែលនឹងខុសប្លែកគ្នា​ទេ ។
ក្បួនដាក់ឈ្មោះកូន តាមថ្ងៃកើត គឺ​អាចរកដាក់បានទៅតាមព្យញ្ជនៈ និងស្រៈពេញតួរបស់ដូនតាយើងពីបុរាណ លោកបានបង្កើតនូវអក្សរទាំងនោះមក ពុំមែន​ទុកគ្រាន់ជាការ​កត់ត្រាពាក្យសម្តីប៉ុណ្ណោះទេ តែក៏ជា​កំណត់សម្គាល់​ដល់មនុស្ស សត្វ និងវត្ថុផ្សេងៗផងដែរ ។
ក្បួនដាក់ឈ្មោះមានដូច​ខាងក្រោម ៖
បើកូនកើតចំ ថ្ងៃអាទិត្យ ​គឺត្រូវនឹងអក្សរ ស្រៈពេញតួដែលមានដូចជា ៖
អ អា ឥ ឦ ឧ​ ឩ ឫ ឬ ឭ ឯ ឰ ឱ ឪ
បើកូនកើតចំ ថ្ងៃចន្ទ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ក ខ គ ឃ ង
បើកូនកើតចំ ថ្ងៃអង្គារ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ច ឆ ជ ឈ ញ
បើកូនកើតចំ ថ្ងៃពុធ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ដ ឋ ឌ ឍ ណ
បើកូនកើតចំ ថ្ងៃព្រហស្បតិ៍ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ត ថ ទ ធ ន
បើកូនកើតចំ ថ្ងៃសុក្រ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
ប ផ ព ភ ម
បើកូនកើតចំ ថ្ងៃសៅរ៍ គឺត្រូវព្យញ្ជនៈ ដែលមានដូចជា ៖
យ រ ល វ ស ហ ឡ អ
​ទោះបីជាពាក្យ​ទាំងនោះអាចប្រើបានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ក្នុងស្រៈ និងព្យញ្ជនៈទាំងនោះក៏មានពាក្យខ្លះពុំអាចយកមកដាក់​ឈ្មោះបានដែរ ។
ម្យ៉ាងទៀត ប្រសិនបើ​ឪពុក-ម្តាយ ចង់ដាក់ឈ្មោះផ្គុំដល់កូននោះ អាចដាក់បាន​
ឧទាហរណ៍ថា ៖ ឈ្មោះ សុខ-ជា (សុខ គឺជាពាក្យមានអត្ថន័យរួចហើយ ឯ ជា ក៏មានអត្ថន័យដែរ) ដូច្នោះ២ពាក្យបញ្ជូលគ្នា បង្កើតជាឈ្មោះមនុស្សម្នាក់បាន បើកូនស្រី​ត្រូវយកអក្សរខាងចុង ជា ព្យញ្ជនៈ ជ ត្រូវចំកូនដែលកើតថ្ងៃអង្គារ ។ តែបើជាកូនប្រុសវិញ ត្រូវយក​អក្សរខាងដើម សុខ ព្យញ្ជនៈ ស ត្រូវចំកូនដែលកើតថ្ងៃសៅរ៍ ។ ឯពាក្យខ្លះ​ ឧទាហរណ៍ដូចជាពាក្យ មល្លិកា  គឺជាពាក្យដែលពុំអាច​បែកផ្សេងបានឡើយ បើទោះបីជា​មានព្យញ្ជនៈភ្ជាប់គ្នាច្រើនក្តី តែអត្ថន័យនៃពាក្យគឺ មានតែមួយ គឺម្លិះរួត ។
ដូច្នេះ បើចង់​ដាក់ឈ្មោះកូន​ឱ្យមានអត្ថន័យនោះ តោង​ឱ្យ​បើកឆែកវចនានុក្រមស​ម្តេចសង្ឃជាមុនសិន ។
ក្នុងនាមជាឪពុក-ម្តាយ ទោះបីចំណេះដឹង​យ៉ាងណា​ ក៏ហោចណាស់​ឱ្យដឹង​ពីន័យនៃឈ្មោះរបស់កូនដែរ ដើម្បី​កុំឱ្យដល់ពេលកូនធំឡើងសួរទាល់ នូវសំនួរថា តើហេតុអីប៉ា-ម៉ាក់ ដាក់ឈ្មោះកូនយ៉ាងនេះយ៉ាងនោះ? តើឈ្មោះកូនមានន័យយ៉ាងណា? គឺយ៉ាប់ហើយ ។ Description: :D
========================================================================
ច្បាប់ព្រះ​រាជសម្ភារ (រាជនេតិ)
(បទកា​កគតិ)
១.ហៃសាធុជនផង     នេះគឺបំណង     បទបាលីថា
គម្ពីរ​រសធម៌    អាណា​ក្រិត្តិកា   គួរគប្បីមហា     ជនផង​ត្រងត្រាប់ ។
២.ធម៌នេះ​ដំបូន្មាន    រួមរក្សា​ប្រាណ   ឱ្យបាន​ក្តី​គាប់
ដ៏លោកបរលោក     ហៅរស់​ពុំស្លាប់  ធម៌នេះ​ជាច្បាប់     ក្តី​គាប់​បរិយាយ ។
៣.កុំទុកចិត្ត​បរទេស       កុំទុកចិត្ត​អភិ​នេស្រ្កម៍(១)      កុំទុកចិត្ត​អភិប្រាយ
ប្រើស្ទំ(២)​រែងខ្ពស់      រំពឹងឱ្យឆ្ងាយ    ស្តាប់​ពាក្យបរិយាយ     បណ្តិប​មេជី(៣)
៤.កុំងឿងដោយខ្យល់(៤)     កុំឱន​ពាក្យពល       កុំខ្វល់ដោយស្រី
កុំកាន់​ពិសយង់      គប់នឹងស្រី្ត         សមណជនជី       កុំឱ្យក្តី​ត្រូវ ។
៥.កុំនៅ​ញ៉ាំងឈ្លោះ    កុំស្តាប់អសុរោះ   កុំស្តាប់អាស្រូវ
កុំដើរពានស្កុន    កុំស្កាត់ច្រកផ្លូវ       កុំធ្វើស្រែស្រូវ      នៅផ្លូវដំរី ។
៦.ផ្អែមពីរ​ប្រការ         ចំណីនៅ​ដាល(៥)   កុំអាលឱ្យឆី
ផ្អែមមួយពាក្យពាល      រែងរាល​រកក្តី      ផ្អែមមួយ​ពាក្យស្រី      ស្រដីមាយា ។
៧.ពាក្យ​គ្រូរែង​រឹង        ស្រារែង​ស្រវឹង       ពុំដែលពិសា
ពាក្យពិតរែងស្លែង     ពុំពិរោះ​ថា         បណ្តិប​មេបា       រែងថាពុំគាប់ ។
៨.ខ្លៅរែង​ស្អប់ចេះ      ខ្សត់ឥតចំណេះ   ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រចណ្ឌ      រែងស្អប់ខ្ញុំគាប់    ពាលពិត​ឥតច្បាប់       រែងស្អប់​ប្រដៅ ។
៩.ចង់បុណ្យបានបាប     ចចើង​ចង់លាភ       រែងបាត់​ធនទៅ
មានៈបាត់មិត្ត       ឥតអ្នក​ជាផៅ       ក្រេវក្រោធឃោរឃៅ       រមែង​បាត់អង្គ ។
១០.ស្វែង​គាប់បានយស       ចង់ស្វែងរបស់      ប្រើចេះផ្គត់​​ផ្គង់
ចង់ធំកុំអួត     ដើមមាន​ពូជពង្ស         ចង់ឱ្យខ្លួន​ត្រង់       ប្រើ​ផ្គាប់​អ្នកមុខ ។
១១.ខ្លែងហើរ​ត្បិត​ខ្យល់       នាយថ្កើងត្បិតពល             រក្សាឱ្យសុខ
ទ្រព្យគង់ត្បិតស្រី      ចេះសំចៃទុក       ផ្ទះ​ធំស្រណុក       តិ្បតភរិយា​ជា ។
១២.បាត់យសត្បិត​ខ្ជឹល    បាត់ញាណទានសីល      ត្បិត​សេពសុរា
ប្រមាទ​បាត់បុណ្យ    ខឹងបាត់​ប្រាជ្ញា    លេញ​លេងដៀលថា      បាត់​ឥរិយាគាប់ ។
១៣.អត់ឱនឥតទោស  ធ្វើចិត្តសណ្តោស  បង្កើតជាទ្រព្យ
មេត្រីជាញាតិ  រក្សាដល់ស្លាប់  ចៀសក្តីពុំគាប់  ជាគន្ធពិដោរ ​។
១៤.ទឹកបាក់ទៅទាប     បុណ្យបាត់ត្បិតបាប    លាភបាត់ត្បិតឃោរ
ទឹកថ្លា​ត្បិតរលក    ពុំយល់ស្រមោល    ទោសកើតត្បិតពោល  ល្មមមាត់ឈ្លានពាន ។
១៥.ខ្លៅរែង​ស្អប់ប្រាជ្ញ    នាអ្នកខ្លួនខ្លាច    រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុត​     រែងធ្វើជាមាន    អ្នកឥត​សន្តាន   រែងមើលងាយគេ ។
១៦.ទាហានថ្កើងត្បិតសឹក   ធ្វើស្រែ​ត្បិតទឹក   ត្រីកពលត្បិតបាយ
សិស្សប្រាជ្ញ​ត្បិតគ្រូ     ជេរ​ពោលដំវាយ   ពលជាត្បិតនាយ  ហ្វឹកហ្វឺនខះខំ ។
១៧.រៀនក្តីគួរគិត     ចាស់ឥតប្រព្រឹត្ត    នូវប្រែច្រឡំ
អ្នកជាៗកាច    តូចប្រែជាធំ      ពង្សពូជឧត្តម   ច្រឡំជារាស្រ្ត ។
១៨.ឃើញសេះជាលា    ក្ងានជាទា    ពពាយជាទាស
សំណង់ជាប្រាក់      ស្ពាន់ធ្លាក់ជាមាស     បង្កួយជាជាស    កប្បាសជាគរ ។
១៩.ហេតុនេះគួរគិត    គួររិះរកហិត      ដឹងរសគន្ធ
ពិដោរអសុដោរ      ពិសា-សាទរ    ហឹកហើយគប្បីប-       រិភោក្តាក្តិត ។
២០.ល្គឹកឮពាក្យពេចន៍    សាកសួររកសាច់   សន្តាន​ព្រេង​ព្រឹទ្ធ
រករិះកល់អ្វី    សុចរិតទុច្ចរិត     ហើយហោងគួរគិត      ឱ្យដឹង​ខ្ពស់ទាប ។
ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ របស់លោក លី ថៃលី
(១) ​អភិ​នេស្រ្កម៍(បព្វជិត),
(២)ស្ទំ​(ទាប,បន្តិចៗ),
(៣) ​បណ្តិប​មេជី(ពាក្យទូន្មានមេបា,ជីដូនជីតា)
(៤) កុំងឿងដោយខ្យល់ ៖ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។
(៥) ចំណីនៅ​ដាល កុំអាលឱ្យឆី គឺចំណីដែលកំពុងក្តៅខ្លាំងកុំអាលស៊ី ។